ថ្ងៃ Thursday, July 18, 2013 | ប្រភព៖ Postkhmer | អាន 1137 ដង

ភ្នំពេញ៖ ចូលទៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​គ្រប់គ្រង​ទាំងស្រុង​ដោយ​គណបក្ស​ប្រជាជន CPP លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ CNRP បាន​តទល់​ជាមួយនឹង​តំណាងរាស្ត្រ​គូប្រជែង ក្នុងអំឡុងពេល​ថត​ការពិភាក្សា​ថ្នាក់ជាតិ​មួយ​កាលពី​ម្សិលមិញ ដែល​នឹងត្រូវ​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ ជា​លើក​ទី​១ នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​។​

​ការពិភាក្សា​ដែលមាន​សំណួរ​ពី​ទស្សនិកជន​គឺជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​ផ្សព្វផ្សាយ​ស៊ីជម្រៅ​អំពី​គោលនយោបាយ​របស់ខ្លួន ហើយ​ទន្ទឹមនឹងនេះ ឆ្លើយតប​ដោយផ្ទាល់​ទៅ​សំណួរ​របស់​គូប្រជែង​ធំ​របស់ខ្លួន​ដែល​លោក​បាន​រិះគន់​ជា​យូរ​មកហើយ​ថា បានគេច​វេះ​ពី​ការពិភាក្សា​។​

​លោក មឿ​ន ឈៀន​ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​ការសិក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ថ្លែងថា​៖ «ខ្ញុំ​គិតថា ការពិភាក្សា​ប្រភេទ​នេះ​គឺមាន​អត្ថប្រយោជន៍​ណាស់ ជាពិសេស​ចំពោះ​គណបក្សប្រឆាំង បើ​គិត​អំពី​ការពិត​ដែល​គណបក្សប្រឆាំង​មានលទ្ធភាព​តិចតួច​ក្នុងការ ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​ទូរទស្សន៍​»។ លោក​បាន​បន្តថា​៖ «ខ្ញុំ​គិតថា ប្រជាជន​កម្ពុជា​ជាច្រើន ជាពិសេស អ្នក​ទាំងឡាយ​ដែល​មិនចេះ​អាន ឬ​សរសេរ ចូលចិត្ត​មើល​ទូរទស្សន៍​»។ លោក​បន្ថែមថា នេះ​គឺជា​ការពិត​នៅតាម​ជនបទ​ដែល​គណបក្ស​ប្រជាជន​ទទួលបាន​ការគាំទ្រ​រឹងមាំ​។​

​លោក ឈៀន​ណា​រិ​ទ្ធ បាន​ថ្លែងថា​៖ «ការចូលរួម​របស់​គ​ណ​បក្ស​កាន់អំណាច ក្នុងការ​ពិភាក្សា​ដែល​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ ក៏​នឹង​ពង្រីក​ការអំពាវនាវ​របស់ខ្លួន​នៅតាម​ជនបទ​ផងដែរ​»។ លោក​បាន​កត់សម្គាល់ថា ក្នុងការ​បោះឆ្នោត​កន្លង​មក ប្រជាជន​ខ្លាច​គេ​មើលឃើញថា បើក​ស្តាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិនមាន​សម្ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​បន្តថា​៖ «សូម្បីតែ​ពេលនេះ ពួកគេ​បាន​បើកចំហ​បន្តិច​ប៉ុន្តែ​ការ​ស្តាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រឆាំង និង​ឯកសារ​ជា​សាធារណៈ នៅតែមាន​ការភ័យខ្លាច​ប​និ្ត​ច​នៅតាម​ជនបទ​។ ឥឡូវនេះ ដោយ​ប្រព័ន្ធ​របស់​រដ្ឋ​ធ្វើការ​ផ្សព្វផ្សាយ​ការពិភាក្សា​របស់​គណបក្ស ទាំងអស់ រាប់ទាំង​គណបក្សកាន់អំណាច វា​នឹង​ផ្តល់ឱកាស​ដល់​ពួកគេ​មើលឃើញ​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ដោយ​គ្មាន​ការភ័យខ្លាច​»។​

​យោងតាម​លោកស្រី Laura Thornton នាយក​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ដែល​បានរៀបចំ​កិច្ចពិភាក្សា​នេះ បាន​ឲ្យ​ដឹងថា បេក្ខជន​បីនាក់​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​និង​គណបក្ស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខ្មែរ បង្ហាញ​ពី​គោលនយោបាយ​គណបក្សរ​បស់​ខ្លួន ដោយមាន​វិជ្ជាជីវៈ​ខ្ពស់​។​

​លោកស្រី​បាន​បន្តថា​៖ «ខ្ញុំ​គិតថា ពួកគេ​បានធ្វើ​វា​យ៉ាង​ល្អ​។ ម្តងទៀត ខ្ញុំ​គិតថា សំណួរ​អាចមាន​លក្ខណៈ​ចម្រុះ ហើយ​កាន់តែខ្លាំង​ប៉ុន្តែ​ពួកគេ​ពិតជា​បានលើកឡើង​នូវ​បញ្ហាសំខាន់ៗ​ជាច្រើន​។ ជា​អកុសល ពួកគេ​មិនបាន​លម្អិត អំពី​ការថែទាំ​សុខភាព​និង​ការអប់រំ​ឡើយ ប៉ុន្តែ អ្នក​មិនអាច​និយាយបាន​គ្រប់​ចំណុច​ឡើយ​»។​

​ចំណុច​ជជែក ក្នុង​កិច្ចពិភាក្សា ដែល​នឹង​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​នៅ​ថ្ងៃទី ២០-២១-២៤ និង ២៥ ខែកក្កដា​នឹង​ជា​ប្រធានបទ​ដែល​យល់ដឹង​ចំពោះ​ជន​ណាក៏ដោយ​ដែល​ពុំទាន់​យល់ច្បាស់​ពី​នយោបាយ​កម្ពុជា​។​

​លោក សុខ ឥសាន បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន ដែល​បាន​ថ្លែង​អំពី​ចំណុច​របស់ខ្លួន​ក្នុង​សម្តី​សំឡេង និង​អាន​ពី​ឯកសារ​របស់គាត់​ដោយផ្ទាល់​នោះ បានលើកឡើង​ជាទូទៅ​អំពី​ការអភិវឌ្ឍ​កំណើនសេដ្ឋកិច្ច និង​តួនាទី​ជា​ប្រ​វ​តិ្ត​សាស្ត្រ​របស់​គណបក្ស​ប្រជាជន​ក្នុងការ​បណ្តេញ​ខ្មែរក្រហម​។​

​លោក កឹម សុខា នៃ​គណបក្ស​សង្គ្រោះ​ជាតិ អាន​ពី​ឯកសារ​ដូចគ្នា​ផងដែរ ដោយ​លោក​បានលើកឡើង​ភាគច្រើន​អំពី​គោលនយោបាយ​គណបក្សប្រឆាំង លើ​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់​បូរណភាព​ទឹកដី និង​បញ្ហា​សិ​ទិ្ធ​មនុស្ស​។ ចំពោះ​លោក ឥសាន លោក​បាន​ឆ្លើយតប​ចំពោះ​សំណួរ​របស់​ទស្សនិកជន​អំពី​ការរំលោភ​សិ​ទិ្ធ​មនុស្ស ដោយ​លោក​ថា «អ្នក​ជឿថា មានការ​រំលោភ​សិ​ទិ្ធ​មនុស្ស​នៅ​កម្ពុជា​។ នោះ​ជា​មតិយោបល់​របស់​អ្នក​។ វា​មិនមែនជា​ការពិត​ទេ​»។​

​ទោះជា​យ៉ាងណា លោក ហួន រាជ​ចំរើន ប្រធាន​គណបក្ស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខ្មែរ បាន​និយាយ​ញាប់ៗ​ដោយ​លើក​ឆ្កាង​ដៃ​ខណៈដែល​លោក​បានបង្ហាញ​គោលនយោបាយ​ដែលជា​មូលដ្ឋាន​របស់​គណបក្ស​ប្រឆាំង ដែល​ផ្តោតទៅលើ​ការប្រឆាំង​អំពើពុករលួយ និង​បញ្ហា​របស់​យុវជន ព្រម​គ្នា​នេះ គឺ​គោលនយោបាយ​វិនិយោគ​និង​អភិវឌ្ឍន៍ ដែលជា​មូលដ្ឋាន​របស់​គណបក្ស​កាន់អំណាច​។​

​លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ឯករាជ្យ បាន​ថ្លែងថា ទោះបី​គោលនយោបាយ​អ្វី​ក៏ដោយ វា​អាច​«យឺត​ពេក​» ហើយ​សម្រាប់​គណបក្ស​នានា​ដណ្តើម​សំឡេងឆ្នោត ពី​គណបក្សកាន់អំណាច ទោះបី​តាមរយៈ​ទូរទស្សន៍​ជាតិ​ក៏ដោយ​។ លោក ម៉ុងហៃ សួរថា​៖ «តើ​អ្នក​បំពេញ​[​ម៉ោង​ដែល​បាត់បង់​]...​ពេល​គណបក្ស​មួយ​បាន​ប្រើប្រាស់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្តាច់មុខ​តែឯង​ពេញ​មួយឆ្នាំ​គឺ​៥​ឆ្នាំ​កន្លងមកនេះ ៣៦៥ ថ្ងៃ​?​ដោយ​របៀប​ណា​?»។​

​លោក ឈៀន​ណា​រិ​ទ្ធ ក៏មាន​ទស្សនៈ​ប្រហែល​គ្នា​ដែរ ដោយ​លោក​ថា គណបក្សកាន់អំណាច​«បាន​បញ្ចូល​ទស្សនៈ និង​មនោគមវិជ្ជា​ជា​យូរ​មកហើយ វា​មិន​ងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ​គំនិត​របស់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​ឡើយ​។ លោក​បាន​បន្ថែមថា​៖ «ប៉ុន្តែ ចំពោះ​អ្នក​ទាំងឡាយ ដែល​ពុំទាន់​សម្រេចចិត្តថា​តើ​ត្រូវ​បោះឆ្នោត​ឲ្យ​អ្នកណា​ខ្ញុំ​គិតថា គេ​អាច​ទទួលបាន​ការគាំទ្រ​»

(យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព័ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ)

More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble