ថ្ងៃ Sunday, July 21, 2013 | ប្រភព៖ rfa | អាន 1062 ដង

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​លិខិត​មួយ​នៅ​ថ្ងៃទី​២១ ខែកក្កដា ទៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ស្នើសុំ​ឲ្យ​ចុះឈ្មោះ​រូបលោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ខាងមុខ​។​

​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប លោក អ៊ឹម សួស្ដី មានប្រសាសន៍​នៅ​ថ្ងៃទី​២១ ខែកក្កដា ថា គ​.​ជ​.​ប នឹង​បើក​កិច្ចប្រជុំ​មួយ​ជាបន្ទាន់ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែកក្កដា ដើម្បី​ពិភាក្សា​លើ​សំណើសុំ​របស់​ប្រធាន​គណបក្សប្រឆាំង​លោក សម រង្ស៊ី ដែល​សុំ​ឲ្យ គ​.​ជ​.​ប ចុះឈ្មោះ​រូបលោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​៖ «ចាំ​ប្រជុំ​ស្អែកៗ រឿង​ច្រើនណាស់​! ជជែក​គ្នា​សិន មិនមែន​រឿង​តែមួយ​ទេ បាទ​! ខ្ញុំ​ទើបបាន​ទទួល​លិខិត​មិញ​ដែរ ខ្ញុំ​ប្រជុំ​ស្អែក​»។​

​លោក អ៊ឹម សួស្ដី មិនបាន​អត្ថាធិប្បាយ​ទេពី​នីតិវិធី​យ៉ាងណា​របស់ គ​.​ជ​.​ប ចំពោះ​សំណើសុំ​របស់លោក សម រង្ស៊ី បន្ទាប់ពី​នីតិវិធី​ចុះឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​បាន​ផុត​ទៅហើយនោះ​។ រីឯ​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បញ្ជាក់ថា សំណើ​របស់លោក សម រង្ស៊ី គ​.​ជ​.​ប នឹង​ពិនិត្យ​សម្រេច​ទៅតាម​ភារកិច្ច និង​សិទ្ធិអំណាច​របស់ គ​.​ជ​.​ប ដែល​ផ្នែក​លើ​ច្បាប់បោះឆ្នោត​។​

​លោក​ប្រកាន់​ជំហរ​ថា ការសម្រេច​ចុះឈ្មោះ​លោក សម រង្ស៊ី ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ឬ​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​ច្បាប់បោះឆ្នោត​ទាំងស្រុង ហើយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​នោះឡើយ​។​

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក ហង្ស ពុទ្ធា យល់ថា សំណើសុំ​របស់លោក សម រង្ស៊ី ពិបាក​ក្នុង​ការរក​ស្ថានភាព​ផ្លូវច្បាប់ ដើម្បី​បញ្ចូល​រូបលោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​។ ប៉ុន្តែ​មាន​ច្រក ២​សំខាន់ អាចជួយ​លោក សម រង្ស៊ី បាន គឺ​ទី​១ ការបកស្រាយ​ច្បាប់ និង​ការអនុវត្ត និង​មួយទៀត ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​។​

​លោក ហង្ស ពុទ្ធា បញ្ជាក់ថា ត្បិត​មាន​ពេល​ខ្លី​កៀក​ថ្ងៃ​បោះឆ្នោត​ក្ដី តែ​ឋិត​ក្នុង​ឆន្ទៈ​នយោបាយ​វិសោធនកម្ម​ច្បាប់​នោះ​អាច​នឹង​ធ្វើទៅកើត ហើយ​លោក សម រង្ស៊ី នឹងមាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​បាន​។​

​លោក ហង្ស ពុទ្ធ​៖ «ជា​នីតិវិធី​ចុះឈ្មោះ​នោះ គឺ​ហួស​ទៅហើយ​។ ច្រក​ពីរ​ដែល​ខ្ញុំ​គិតថា អាច​នឹង​ទៅរួច ទីមួយ​គឺ​ការបកស្រាយ​ច្បាប់ និង​ការអនុវត្ត​។ បានន័យថា បើសិនជា​ច្បាប់​កំណត់ថា គាត់​ជាប់ទោស អ៊ីចឹង​មានការ​លើកលែងទោស​។ ប្រហែល​ជាមាន​ករណី​ពិសេស អាច​នឹង​បញ្ចូល​គាត់​ជា​បេក្ខជន​បាន ហើយ​មួយទៀត មានតែ​ការធ្វើ​វិសោធនកម្ម​ច្បាប់​។ ជាការ​ពិត​នៅសល់​ពេល​តែមួយ​សប្ដាហ៍​ទៀត​ទេ ប៉ុន្តែ​វិសោធនកម្ម​ច្បាប់ ប្រសិន​ជាមាន​ឆន្ទៈ​ទាំងអស់គ្នា គឺអាច​ធ្វើទៅបាន​ហើយ​»។​

​លោក សម រង្ស៊ី បាន​ផ្ញើលិខិត​មួយ​នៅ​ថ្ងៃទី​២១ ខែកក្កដា ទៅ​លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប សុំ​ឲ្យ​ចុះឈ្មោះ​រូបលោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​មណ្ឌល​ខេត្តកណ្ដាល សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មកដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា បន្ទាប់ពី​លោក​បាន​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​អស់​រយៈពេល​ជាង ៤​ឆ្នាំ​។ ការវិលត្រឡប់​របស់​លោក សម រង្ស៊ី លើក​នេះ គឺ​ក្រោយពី​មានការ​ព្រះរាជទាន​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​៕​

(យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព័ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ)

More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble