ភ្នំពេញៈ នៅសល់តែ ៥ ថ្ងៃទៀតការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ( ថ្នាក់ទី១២) នឹងចូលមកដល់ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សេចក្ដីណែនាំដែលចេញផ្សាយតាមគេហទំព័ររបស់ក្រសួងនេះបានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងធ្វើឡើងរយៈពេលបី ថ្ងៃចាប់ពីថ្ងៃទី៥-៧ ខែសីហា ឆ្នាំ ២០១៣។
លោក សំ សេរីរ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំមានប្រសាសន៍ កាលពីរសៀលថ្ងៃអង្គារថា បេក្ខជនចូលរួមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំនេះមានចំនួនប្រមាណ ១១ ម៉ឺននាក់ គឺប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ ក្នុងនោះមានប្រឡងផ្នែកវិទ្យាសាស្ត្រ (ពិត) ជាង ៩៥.០០០នាក់និង ផ្នែកវិទ្យាសាស្ត្រសង្គមជាង ១៣ ០០០នាក់។
ដោយឡែកនៅរាជធានី ភ្នំពេញមានបេក្ខជនប្រឡងចំនួន ១៩ ០៧៩ នាក់ បែងចែកជា ៣៧ មណ្ឌល។ នេះបើតាម ការឲ្យដឹងពី លោក ជា ជាតិ ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញកាលពីម្សិលមិញ។
លោក ជាតិ ថ្លែងថា ក្នុងចំណោមបេក្ខជនប្រឡងចំនួន ១៩ ០៧៩នាក់នេះ មានបេក្ខជនសាលាចំណេះទូទៅចំនួន ១៧ ០៧០នាក់ និងសាលាបំពេញវិជ្ជាចំនួន ១ ៤១២ នាក់ និងបេក្ខជនស្វ័យរិនចំនួន ៥៩៧ នាក់។
លោកបានបន្ថែមថា ការបិទប្រកាសបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡងនៅមណ្ឌលណានឹងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ចាប់ពីពេលព្រឹកតទៅនៅទូទាំងប្រទេសតែម្ដង។
កាលពីឆ្នាំមុន មានបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬ បាក់ឌុបមានជិត ៩ ម៉ឺននាក់ ស្មើនឹង ៨៦,៤៨ ភាគរយ ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ១១៤ ៤១៤នាក់ ក្នុងនោះ មានបេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ១០៥ នាក់។ ដោយឡែកផ្នែកវិទ្យាសាស្ត្រពិតបេក្ខជនប្រឡងជាប់មាន ៧៥ ៥៨៧នាក់ក្នុងចំណោមបេក្ខជនមកប្រឡង ៨៣ ២៧៤នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គមប្រឡងជាប់ ២៣.២៨៣នាក់ ក្នុងចំណោមបេក្ខជនមកប្រឡង ៣១ ១៤០នាក់៕