ភ្នំពេញ៖ លោក ពេជ្រ វិជ្ជាធរ នៅរសៀលថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០១៩នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកវរសេនីយ៍ទោឌួងណាគ្រីអនុប្រធាននាយក ដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃជាបណ្តោះ អាសន្ននៅក្នុងពន្ធនាគាររាជធានីភ្នំពេញ(PJ) ។
ការឃុំខ្លួននេះធ្វើឡើងបន្ទាប់ពីលោក រៀល សុភិន ជាតំណាង អយ្យការបានសម្រេចបើកការស៊ើបសួរ និងចោទ ប្រកាន់លើឈ្មោះ ឌួង ណាគ្រី ពីបទ ប៉ុនប៉ងឃាតកម្ម និង កាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតយោងតាមមាត្រា២៧ មាត្រា១៩៩ និង មាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ ។
យោងតាមបាទចោទខាងលើនេះជនត្រូវចោទអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី១០ឆ្នាំទៅ១៥ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តំណាងអយ្យការប្រាកដមែន។
សូមរំលឹកថា នៅរសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៩ នេះលោកវរសេនីយ៍ទោឌួងណាគ្រីអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់បន្ទាប់ពីជនបង្ករូបនេះទើបតែត្រូវដោះលែងឲ្យមានសេរីភាពក្រោយការសម្របសម្រួលសងសំណងទៅជនរងគ្រោះក្នុងអំពើបាញ់ប៉ងសម្លាប់មនុស្ស ។
សូមជម្រាបជូនថាលោកវរសេនីយ៍ទោឌួង ណាគ្រី ត្រូវគេរាយការណ៍បានជិះរថយន្តក្រោមស្ថានភាពស្រវឹងនិងប្រើប្រាស់កាំភ្លើងម៉ារ៉ូឡូបាញ់ចំនួន០៥គ្រាប់សំដៅរថយន្តរបស់ជនរងគ្រោះឈ្មោះភូរិស្សស្តូរ៉ាន់និងប្រពន្ធកាលពីវេលាទាបភ្លឺថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នៅចំណុចបណ្ដោយផ្លូវ៣៦៣ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នៅក្នុងហេតុការណ៍បាញ់បោះនោះមិនបានបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរនោះទេប៉ុន្តែរថយន្ដម៉ាកRang Roverរបស់ជនរងគ្រោះរងការខូចខាតបែកកញ្ចក់ខាងក្រោយ៕
(យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព័ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែប្រសើរ)